ស្គាល់សញ្ញាព្រមានទាំង ១៥ លើរថយន្ត អ្នកបើកបរឧស្សាហ៍ជួប ហ៊ានតែប្រហែស អាចស៊យធំ
មានដែលឆ្ងល់ទេ ភ្លើងតូចៗដែលមានរូបរាង និងពណ៌ផ្សេងគ្នានៅក្នុងកុងទ័ររថយន្តជាសញ្ញាអ្វី? តាមពិតទៅ ក្រៅពីការផ្ដល់ព័ត៌មាននានា ទាក់ទងនឹងយានយន្ត ភ្លើងសញ្ញាទាំងនោះក៏អាចបង្ហាញពី បញ្ហារបស់រថយន្តកំពុងតែមាននោះដែរ ដែលយើងមិនអាចមើលស្រាលបាន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យថ្លៃចំណាយក្នុងការជួសជុលកើនខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យយានយន្តដំណើរការមិនប្រក្រតី ហើយអាចបង្កជាគ្រោះថ្នាក់ផ្សេងៗបានក្នុងពេលបើកបរ។
ភ្លើងសញ្ញាទាំង ១៥ ដែលបង្ហាញពីព័ត៌មាន និងបញ្ហាលើរថយន្តមានដូចជា៖
១. សញ្ញាព្រមានពីសីតុណ្ហភាពម៉ាស៊ីន
ប្រការគួរធ្វើ ៖ គួរបញ្ឈប់ការធ្វើដំណើរ ហើយពន្លត់ម៉ាស៊ីន ដើម្បីឲ្យវាចុះត្រជាក់មកវិញ កុំឲ្យម៉ាស៊ីនខូចទាន់។
បើសិនជារថយន្តក្នុងប្រទេសត្រជាក់វិញ ពេលខ្លះសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពម៉ាស៊ីននេះចេញពណ៌ ខៀវ ដែលបានន័យថា សីតុណ្ហភាពទឹកស្អំម៉ាស៊ីនត្រជាក់ពេក មិនអាចឲ្យម៉ាស៊ីនដំណើរការបានប្រក្រតី។ ប៉ុន្តែ ពេលបញ្ឆេះម៉ាស៊ីនមួយសន្ទុះ ភ្លើងសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពពណ៌ ខៀវនេះនឹងលោតបាត់ទៅវិញ ពេលម៉ាស៊ីនដំណើរការហើយមានសីតុណ្ហភាពក្ដៅល្មម។
២. សញ្ញាព្រមានពីសម្ពាធប្រេងម៉ាស៊ីនចុះទាប
សញ្ញានេះមានន័យថា កម្រិតសម្ពាធប្រេងម៉ាស៊ីនមានការថយចុះ។
ប្រការគួរធ្វើ ៖ ពេលសញ្ញានេះលោតឡើង វាអាចបណ្ដាលមកពីការអស់ប្រេងម៉ាស៊ីន ឬបញ្ហាធ្ងន់ធ្ងរណាមួយ។ បើសិនជា សញ្ញានេះលោតពេលកំពុងបើកបរ អ្នកគួររកកន្លែងសុវត្ថិភាព ហើយឈប់សិន ព្រោះបញ្ហាអាចបណ្ដាលឲ្យខូចម៉ាស៊ីនរថយន្ត។ ជំហានបន្ទាប់ គឺអ្នកត្រូវហៅជាងរថយន្តមកមើលថាតើវាមកពី កម្រិតប្រេងម៉ាស៊ីន ឬក៏មានបញ្ហាធ្ងន់ធ្ងរណាមួយ។
៣. សញ្ញាព្រមានពីភ្លើងអាគុយ
សញ្ញានេះមានន័យថា ភ្លើងអាគុយខ្សោយខ្លាំង។
ប្រការគួរធ្វើ ៖ អ្នកគួរបិទភ្លើងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់ ម៉ាញ៉េ និងដកឆ្នាំងសាកចេញពីរន្ធភ្លើងឲ្យអស់ លើកលែងតែភ្លើងចង្កៀងមុខ ពេលអ្នកត្រូវបើកបរនៅពេលយប់ និងនៅកន្លែងងងឹត។ យ៉ាងណាមិញ អ្នកមិនត្រូវពន្លត់ម៉ាស៊ីនឡើយ ដរាបណាអ្នកមិនទាន់ទៅដល់ជាងនោះ ព្រោះវាអាចដេរមិនឆេះ។
៤. សញ្ញាព្រមានពីហ្វ្រាំង
សញ្ញានេះមានន័យថា អ្នកអាចនឹងភ្លេចដោះហ្វ្រាំងដៃ ឬក៏ខ្វះប្រេងហ្វ្រាំង ឬក៏មានបញ្ហាហ្វ្រាំងធ្ងន់ធ្ងរ។
ប្រការគួរធ្វើ ៖ ប្រសិនបើពេលបើកបរភ្លើងសញ្ញានេះលោតភ្លឹបភ្លែត ប៉ុន្តែអ្នកគ្មានអារម្មណ៍ប្លែកក្នុងពេលជាន់ហ្វ្រាំងទេនោះ អ្នកអាចជិះទៅរកយានដ្ឋានបាន ប៉ុន្តែបើភ្លើងសញ្ញានេះភ្លឺជាប់តែម្ដង អ្នកគួរតែឈប់រថយន្ត ហើយហៅឡានស្ទូចមកយករថយន្តអ្នកទៅយានដ្ឋានហើយ។
៥. សញ្ញាព្រមានពីពោងសុវត្ថិភាព
សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
ប្រការគួរធ្វើ ៖ ត្រូវប្រញ៉ាប់យកទៅជាង ឲ្យគេឆែកមើល ព្រោះថាបើពោងសុវត្ថិភាពមានបញ្ហា វាអាចឲ្យពោងនេះគាំងមិនផ្ទុះពេលរថយន្តប៉ះទង្គិច ឬបុកនឹងអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
សម្រាប់សញ្ញា ១០ ផ្សេងទៀត ដែលមាននៅលើកុងទ័រថយន្ត សូមតាមដានជាមួយ Sabay នៅអត្ថបទក្រោយទាំងអស់គ្នា។
Comments